CIVIL RESISTANCE


My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters)     TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ  [ ... ]


CIVIC EDUCATION


 




ព្រះយេស៊ូ​ត្រាស់ហៅ​សិស្ស​បី​រូប


ថ្ងៃ​មួយ ព្រះយេស៊ូ ​គង់​នៅ​មាត់​បឹង ​គេនេសារ៉ែត, មាន​បណ្ដាជន​ជា​ច្រើន​ ប្រជ្រៀត​គ្នា​ នៅ​ជុំវិញ​ព្រះអង្គ ដើម្បី​ស្ដាប់ ព្រះបន្ទូល ​របស់​ព្រះជាម្ចាស់។
ព្រះអង្គ​ ទត​ឃើញ​ ទូក​ពីរ​ ចត​នៅ​មាត់​ច្រាំង, រីឯ ​អ្នក​នេសាទ​ នាំ​គ្នា​ចុះ​ទៅ​លាង​អួន របស់​គេ។ ព្រះយេស៊ូ​ យាង​ចុះ​ទៅ​ ក្នុង​ទូក​ របស់​លោក​ស៊ីម៉ូន, រួច​ទ្រង់ ​សុំ​អោយ​គាត់​ចេញ​ទូក ទៅ​ឆ្ងាយ​ពី​ច្រាំង​បន្តិច។  ព្រះអង្គ​ គង់ ​បង្រៀន​ បណ្ដាជន ​ពី​ក្នុង​ទូក​នោះ។


លុះ​ ព្រះអង្គ​ បង្រៀន​គេ​ចប់​ហើយ, ទ្រង់​ មាន​ព្រះបន្ទូល ​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖
«ចូរ​បង្ហួស​ទូក​ទៅ​ទឹក​ជ្រៅ, រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ។»


លោក​ស៊ីម៉ូន​ តប​ទៅ​ ព្រះយេស៊ូ​វិញ​ថា៖ «លោក​គ្រូ, យើង​ខ្ញុំ​ បាន​អូស​អួន​ ពេញ​មួយ​យប់​ហើយ. អត់​បាន​ត្រី​សោះ។  ប៉ុន្តែ បើ​លោក​គ្រូ ​មាន​ប្រសាសន៍​ដូច្នេះ ខ្ញុំ​នឹង​ទម្លាក់​អួន ​តាម​ពាក្យ​ របស់​លោក​គ្រូ។»

គេ​ ក៏​ទម្លាក់​អួន​ ទៅ​ក្នុង​ទឹក, ជាប់​ត្រី​យ៉ាង​ច្រើន ​ស្ទើរ​តែ​ធ្លាយ​អួន។ គេ​ បក់​ដៃ​ហៅ​មិត្តភក្ដិ​ ដែល​នៅ​ក្នុង​ទូក​មួយ​ទៀត ​អោយ​មក​ជួយ។  ពួក​នោះ​ មក​ដល់ ជួយ​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំង​ពីរ ស្ទើរ​តែ​នឹង​លិច។

ពេល​លោក​ស៊ីម៉ូន-ពេត្រុស​ ឃើញ​ដូច្នោះ គាត់​ក្រាប​ទៀប​ព្រះបាទា ​ព្រះយេស៊ូ, ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់​អើយ, សូម​យាង​អោយ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ, ព្រោះ​ទូលបង្គំ​ជា​មនុស្ស​បាប!»


លោក​ស៊ីម៉ូន​និយាយ​ដូច្នេះ ព្រោះ​គាត់ និង​អស់​អ្នក ​ដែល​នៅ​ជា​មួយ ​ភ័យ​ស្ញប់ស្ញែង​ជា​ខ្លាំង នៅ​ពេល​បាន​ឃើញ​ត្រី​ច្រើន​យ៉ាង​នេះ។
រីឯ ​លោក​យ៉ាកុប និង​លោក​យ៉ូហាន,​ ជា​កូន​លោក​សេបេដេ  ដែល​នេសាទ ​រួម​ជា​មួយ ​លោក​ស៊ីម៉ូន, ក៏​មាន​ចិត្ត​ដូច្នោះ​ដែរ។


ប៉ុន្តែ ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖
«កុំ​ខ្លាច​អី។  ពី​ពេល​នេះ​ទៅ​មុខ អ្នក​នឹង​នេសាទ​មនុស្ស​វិញ។» ពេល​ទូក​ទៅ​ដល់​មាត់​ច្រាំង​វិញ, គេ​ បោះ​បង់​ របស់​របរ​ទាំង​អស់ ​ចោល, រួច​នាំ​គ្នា ដើរ​តាម​ព្រះយេស៊ូ​ទៅ។


ព្រះយេស៊ូ ​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់ ​អោយ​ជា


ព្រះយេស៊ូ​ គង់​នៅ​ក្នុងក្រុង​មួយ មាន​មនុស្ស​ឃ្លង់​ម្នាក់​ ឃើញ​ព្រះអង្គ, គាត់​ចូល​មក​រក, ហើយ​ក្រាប​ថ្វាយបង្គំ, អោន​មុខ​ដល់​ដី, ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់, ប្រសិន​បើ ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ ​អោយ​បាន​ជា​ស្អាត​បរិសុទ្ធ​ផង។»


ព្រះយេស៊ូ​ លូក​ព្រះហស្ដ ​ទៅ​ពាល់​គាត់​, ទាំង​មាន​ព្រះបន្ទូល​ថា៖
«ខ្ញុំ​យល់​ព្រម​ហើយ, ចូរ​អោយ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ។» រំពេច​នោះ មនុស្ស​ឃ្លង់ ​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ​ភ្លាម។


ព្រះយេស៊ូ ​មាន​ព្រះបន្ទូល​ ហាម​គាត់​ថា៖
«កុំ​និយាយ​ ប្រាប់​នរណា​ អោយ​ដឹង​ឡើយ, ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ ដល់​លោក​បូជាចារ្យ, ហើយ​ថ្វាយ​តង្វាយ​ ដូច​លោក​ម៉ូសេ បាន​បង្គាប់​ទុក, ដើម្បី​ជា​សក្ខីភាព​ បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​បរិសុទ្ធ​មែន។»


ព្រះកិត្តិនាម ​របស់​ព្រះយេស៊ូ ល្បី​សុសសាយ​ កាន់​តែ​ខ្លាំង​ឡើងៗ។   មហាជន ​ជា​ច្រើន ​មក​ជុំ​គ្នា​ស្ដាប់​ព្រះអង្គ, ព្រម​ទាំង​សូម​ព្រះអង្គ​ ប្រោស​អោយ​ខ្លួន​បាន​ជា ​ពី​ជំងឺ​ផ្សេងៗ​ផង។ រីឯ ​ព្រះយេស៊ូ​វិញ, ព្រះអង្គ ​យាង​ទៅ​ទី​ស្ងាត់ ដើម្បី​អធិស្ឋាន។

ព្រះយេស៊ូ​ ប្រោស​មនុស្ស​ ខ្វិន​ម្នាក់ ​អោយ​ជា


ថ្ងៃ​មួយ ព្រះយេស៊ូ ​កំពុង​តែ​បង្រៀន​បណ្ដាជន មាន​ពួក​ខាង ​គណៈ​ផារីស៊ី និង​អ្នក​ប្រាជ្ញ​ ខាង​វិន័យ​ អង្គុយ​ស្ដាប់ ​ព្រះអង្គ​ដែរ។  អ្នក​ទាំង​នោះ ​ធ្វើ​ដំណើរ​ មក​ពី​ ភូមិ​នានា ក្នុង​ស្រុក​កាលីឡេ, ស្រុក​យូដា, និង ​ពី​ក្រុង​យេរូសាឡឹម។  ព្រះយេស៊ូ​ ប្រកប​ដោយ​ឫទ្ធានុភាព ​របស់​ព្រះអម្ចាស់, ទ្រង់​ ប្រោស​អ្នក​ជំងឺ​អោយ​បាន​ជា។ ពេល​នោះ ស្រាប់​តែ​មាន​គេ​ សែង​មនុស្ស​ ខ្វិន​ដៃ ​ខ្វិន​ជើង​ម្នាក់​ មក​ដល់។  គេ​មាន​បំណង​នាំ​អ្នក​ខ្វិន​នោះ​ ចូល​ទៅ​ជិត​ព្រះយេស៊ូ។ ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​ចូល​ទៅ​ជិត​ព្រះអង្គ​បាន​ឡើយ។  ដូច្នេះ គេ ​ក៏​សែង​អ្នក​ជំងឺ ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ, បក​ក្បឿង, សំរូត​គាត់​ ចុះ​មក​កណ្ដាល​ ចំណោម​មនុស្ស, នៅ​ចំ​ពី​មុខ​ព្រះយេស៊ូ។

ពេល​ព្រះយេស៊ូ ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ, ទ្រង់​ មាន​ព្រះបន្ទូល ​ទៅ​កាន់​អ្នក​ពិការ​ថា៖ «អ្នក​អើយ, ខ្ញុំ​អត់ទោស ​អោយ​អ្នក ​រួច​ពី​បាប​ហើយ។»


ពួក​អាចារ្យ និង​ពួក​ខាង​គណៈផារីស៊ី ​ឮ​ដូច្នោះ,  រិះគិត​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ ​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​ពោល​ពាក្យ​ប្រមាថ ព្រះជាម្ចាស់​ដូច្នេះ?  ក្រៅ​ពី​ព្រះជាម្ចាស់​មួយ​ព្រះអង្គ, តើ​អ្នក​ណា ​អាច​អត់ទោស ​អោយ​មនុស្ស ​រួច​ពី​បាប​បាន?»

ព្រះយេស៊ូ​ ឈ្វេង​យល់​ ចិត្ត​គំនិត ​អ្នក​ទាំង​នោះ, ទើប ​ទ្រង់​ មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​ បាន​ជា​អ្នក​រាល់​គ្នា ​រិះគិត​ដូច្នេះ? បើ​ខ្ញុំ​ ប្រាប់​អ្នក​ ពិការ​នេះ​ថា៖ “ខ្ញុំ​ អត់ទោស ​អោយអ្នក ​រួច​ពី​បាប​ហើយ”, ឬ​ ថា, “ចូរ​ក្រោក​ឡើង, ​ដើរ​ទៅ​ចុះ”, តើ ​ឃ្លា​មួយ​ណា​ ស្រួល​និយាយ​ជាង? ប៉ុន្តែ ខ្ ញុំ​ចង់​អោយ​អ្នក​រាល់​គ្នា ​ដឹង​ថា, បុត្រ​មនុស្ស ​មាន​អំណាច​ នឹង​អត់ទោស អោយ​មនុស្ស​នៅ​ក្នុង​លោក​នេះ ​រួច​ពី​បាប​បាន។»

ព្រះអង្គ ​ក៏​ងាក​ទៅ​រក​អ្នក​ខ្វិន, ហើយ​ មាន​ព្រះបន្ទូល​ថា, «ចូរ​ក្រោក​ឡើង, យក​គ្រែ​ស្នែង​ របស់​អ្នក ​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ។» រំពេច​នោះ, អ្នក​ខ្វិន​ ក្រោក​ឡើង​ នៅ​មុខ​មនុស្ស​ទាំង​អស់, រួច​យក​គ្រែ​ស្នែង ​ដែល​គេ​សែង​ខ្លួន​មក ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ, ទាំង​លើក​តម្កើង​សិរីរុងរឿង​ របស់​ព្រះជាម្ចាស់​ផង។  អស់​អ្នក ​ដែល​នៅ​ទី​នោះ ស្លុត​ស្មារតី​គ្រប់ៗ​គ្នា, ហើយ ​លើក​តម្កើង​សិរីរុងរឿង​ របស់​ព្រះជាម្ចាស់។  គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​គ្នា​ថា៖ «ថ្ងៃ​នេះ, យើង ​បាន​ឃើញ​ ហេតុការណ៍​ចំឡែក​អស្ចារ្យ​មែន។»


ព្រះយេស៊ូ ​ត្រាស់​ហៅ ​លោក​លេវី


បន្ទាប់​មក ព្រះយេស៊ូ​ យាង​ចាក​ចេញ​ពី​ទី​នោះ, ទ្រង់​ ទត​ឃើញ​ អ្នក​ទារ​ពន្ធ​ម្នាក់, ឈ្មោះ​លេវី, អង្គុយ​នៅ​កន្លែង​យក​ពន្ធ។  ព្រះអង្គ​ មាន​ព្រះបន្ទូល ​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​ មក​តាម​ខ្ញុំ។»


លោក​លេវី ​ក្រោក​ឡើង, ទុក​កិច្ចការ​ទាំង​អស់​ចោល, ហើយ ​ដើរ​តាម​ ព្រះយេស៊ូ​ទៅ។ លោក​លេវី​ បាន​រៀបចំ​ ពិធី​ជប់លៀង​មួយ​ យ៉ាង​ធំ​ ថ្វាយ​ព្រះអង្គ នៅ​ផ្ទះ​របស់​លោក។  មាន​អ្នក​ទារ​ពន្ធ, ព្រម​ទាំង​មនុស្ស​ឯ​ទៀតៗ​ជា​ច្រើន, ​ចូល​រួម​ជា​មួយ​ដែរ។ ពួក​ខាង​គណៈផារីស៊ី និង​ពួក​អាចារ្យពី​គណៈផារីស៊ី ទាស់​ចិត្ត​យ៉ាង​ខ្លាំង។  គេ​ និយាយ​ទៅ​កាន់ ​ក្រុម​សិស្ស ​របស់​ព្រះអង្គ​ថា៖ «ហេតុ​អ្វី ​បាន​ជា​អ្នក​រាល់​គ្នា​ បរិភោគ​ ជា​មួយ​ អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ ដូច្នេះ?»


ព្រះយេស៊ូ​ តប​ទៅ​គេ​ថា៖ «មនុស្ស​មាន​សុខភាព​ល្អ​ មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ។  មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ ​ដែល​ត្រូវ​ការ។ ខ្ញុំ​ មិន​មែន​មក​រក​ មនុស្ស​សុចរិត​ទេ, គឺ​ មក​រក​ មនុស្ស​បាប ដើម្បី​អោយ​គេ​កែ​ប្រែ​ចិត្ត​គំនិត។»


អំពី​ការ​តម​អាហារ


មាន​គេ​ទូល​សួរ​ ព្រះយេស៊ូ​ថា៖ «ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ពួក​សិស្ស​ខាង​គណៈផារីស៊ី តែងតែ​តម​អាហារ និង​សូត្រ​ធម៌ ​ជា​ញឹកញាប់។  ចុះ ​ហេតុ​ដូច​ម្ដេច​ បាន​ជា​សិស្ស​របស់​លោក បែរ​ជា​នាំ​គ្នា​បរិភោគ​ដូច្នេះ?»


ព្រះយេស៊ូ​ មាន​ ព្រះបន្ទូល​ តប​ទៅ​គេ​វិញ​ថា៖
«ក្នុង​ពិធី​មង្គល​ការ, ពេល​កូន​កំលោះ ​នៅ​ជា​មួយ, តើ​ភ្ញៀវ ​អាច​តម​អាហារ​កើត​ឬ?  ទេ, គេ ​មិន​អាច​តម​បាន​ឡើយ។ ថ្ងៃ​ក្រោយ, ពេល​គេ​ ចាប់​ស្វាមី​ យក​ទៅ, ​ទើប​ភ្ញៀវ​ទាំង​នោះ ​តម​អាហារ។»

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ ជា​ពាក្យ​ប្រស្នា​ថា៖ «ពុំ​ដែល​មាន​នរណា​ ហែក​សម្លៀកបំពាក់​ថ្មី យក​ទៅ​ប៉ះ​សម្លៀកបំពាក់​ចាស់​នោះ​ឡើយ។  ធ្វើ​ដូច្នេះ, សម្លៀកបំពាក់​ថ្មី​ នឹង​ត្រូវ​រហែក, ហើយ ​ក្រណាត់​ចាស់ និង​ក្រណាត់​ថ្មី ក៏​មិន​សម​គ្នា​ដែរ។ ពុំ​ដែល​មាន​នរណា​ ច្រក​ស្រា​ទំពាំងបាយជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ។  បើ​ធ្វើ​ដូច្នេះ, ស្រា​ថ្មី​ នឹង​ធ្វើ​អោយ​ថង់​ស្បែក​ចាស់​នោះ ​ធ្លុះ​ បណ្ដាល​អោយ​ស្រា​ហូរ​ចេញ, ហើយ ​ថង់​ស្បែក​ ក៏​ត្រូវ​ខូច​ខាត​មិន​ខាន។  ត្រូវ​ច្រក​ស្រា​ថ្មី ​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី។ កាល ​បើ​បាន​ពិសា​ ស្រា​ទំពាំងបាយជូរ​ចាស់​ហើយ, មិន​ដែល​មាន​នរណា ​ចង់​ពិសា​ស្រា​ថ្មី​ទេ, ព្រោះ​គេ​ថា “ស្រា​ចាស់​ឆ្ងាញ់​ជាង​ស្រា​ថ្មី។”»






Luke

1 2 3 4 5 6 7 8 9 10 11 12 13 14 15

16 17 18 19 20 21 22 23 24











 

Theary's BLOG

Translator

English Afrikaans Albanian Arabic Armenian Azerbaijani Basque Belarusian Bulgarian Catalan Chinese (Simplified) Chinese (Traditional) Croatian Czech Danish Dutch Estonian Filipino Finnish French Galician Georgian German Greek Haitian Creole Hebrew Hindi Hungarian Icelandic Indonesian Irish Italian Japanese Korean Latvian Lithuanian Macedonian Malay Maltese Norwegian Persian Polish Portuguese Romanian Russian Serbian Slovak Slovenian Spanish Swahili Swedish Thai Turkish Ukrainian Urdu Vietnamese Welsh Yiddish