CIVIL RESISTANCE
My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters) TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ [ ... ] |
CIVIC EDUCATION
បុព្វកថា
សូមជំរាបមក ឯកឧត្ដម ថេវភីល, សូមជ្រាប! មនុស្សជាច្រើន ខិតខំ យកចិត្តទុកដាក់, កត់ត្រាទុក នូវហេតុការណ៍ ទាំងអំបាលម៉ាន ដែលកើតមាន ក្នុងចំណោមយើងខ្ញុំ។ អស់អ្នក ដែលបានឃើញ ផ្ទាល់នឹងភ្នែក តាំងពីដំបូងរៀងមក, ហើយ ទទួលមុខងារ បំរើព្រះបន្ទូល បានរៀបរាប់ហេតុការណ៍ទាំងនោះ បន្តមកយើងខ្ញុំ។ ខ្ញុំ បានពិនិត្យ ហេតុការណ៍ទាំងនោះ, តាំងពីដើមរៀងមក យ៉ាងហ្មត់ចត់, ហើយ ខ្ញុំក៏យល់ឃើញថា, គួរតែកត់ត្រាទុក, តាមលំដាប់លំដោយ, ផ្ញើមកជូនលោក។ ខ្ញុំ ធ្វើដូច្នេះ ក្នុងគោលបំណង ចង់អោយលោកជ្រាបថា, សេចក្ដីប្រៀនប្រដៅទាំងប៉ុន្មាន ដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។
ទេវតា ជូនដំណឹង អំពី កំណើត របស់ យ៉ូហាន-បាទីស្ដ
នៅគ្រាដែល ព្រះបាទហេរ៉ូដ គ្រងរាជ្យ ក្នុងស្រុកយូដា, មានបូជាចារ្យមួយរូប ឈ្មោះសាការី, ជាសមាជិក ក្រុមបូជាចារ្យអប៊ីយ៉ា, ភរិយាលោក ឈ្មោះអេលីសាបិត កើតក្នុងត្រកូល របស់ លោកមហាបូជាចារ្យអើរ៉ុន។ ស្វាមី ភរិយា ទាំងពីររូបនេះ ជាមនុស្សសុចរិត, ជាទីគាប់ព្រះហឫទ័យ ព្រះជាម្ចាស់, ហើយ គាត់គោរពតាមបទបញ្ជា និងឱវាទ របស់ ព្រះអម្ចាស់, ឥតមានទាស់ត្រង់ណាឡើយ។ អ្នកទាំងពីរ គ្មានកូនសោះ, ព្រោះ នាងអេលីសាបិត ជាស្ត្រីអារ, ហើយ ម្យ៉ាងទៀត អ្នកទាំងពីរ ក៏មានវ័យចាស់ណាស់ទៅហើយផង។
ថ្ងៃមួយ លោកសាការី បំពេញមុខងារជាបូជាចារ្យ តាមវេនក្រុម របស់លោក។ គេបានជ្រើសរើសលោក, ដោយចាប់ឆ្នោត តាមទំនៀមទម្លាប់ របស់ ក្រុមបូជាចារ្យ, អោយលោក ចូលទៅដុតគ្រឿងក្រអូប នៅក្នុងទីសក្ការៈ របស់ ព្រះអម្ចាស់។ ពេលលោក ដុតគ្រឿងក្រអូប, ប្រជាជនច្រើនកុះករ នៅខាងក្រៅ កំពុងអធិស្ឋាន។
រំពេចនោះ លោកសាការី ឃើញទេវតា របស់ ព្រះអម្ចាស់មួយរូប, ឈរនៅខាងស្ដាំអាសនៈ សំរាប់ដុតគ្រឿងក្រអូប។ ឃើញដូច្នោះ លោករន្ធត់ចិត្ត, ហើយ ភ័យខ្លាចទៀតផង។ ទេវតា ក៏មានប្រសាសន៍ ទៅកាន់លោកថា៖ «កុំខ្លាចអី, លោកសាការី អើយ។ ព្រះអម្ចាស់ យល់ព្រម តាមពាក្យទូលអង្វរ របស់ លោកហើយ។ នាងអេលីសាបិត ជាភរិយារបស់លោក នឹងបង្កើតកូនប្រុសមួយ, ហើយ លោកត្រូវដាក់ឈ្មោះកូននោះថា, “យ៉ូហាន”។ កូននោះ នឹងធ្វើអោយលោក មានចិត្តសប្បាយរីករាយ, ហើយ មនុស្សជាច្រើន អបអរសាទរ នឹងកំណើតកុមារនោះដែរ។ កូនរបស់លោក នឹងមានឋានៈ ដ៏ប្រសើរឧត្ដម នៅចំពោះព្រះភក្ត្រព្រះអម្ចាស់, មិនសេពសុរា ឬគ្រឿងស្រវឹង ណាមួយសោះឡើយ។ កូននោះ នឹងបានពោរពេញ ទៅដោយ ព្រះវិញ្ញាណដ៏វិសុទ្ធ តាំងពីក្នុងផ្ទៃម្ដាយមក។ កូននោះ នឹងនាំ ជនជាតិអ៊ីស្រាអែល ជាច្រើន មករកព្រះអម្ចាស់ ជាព្រះ របស់ គេវិញ។ កូននោះ នឹងមកមុនព្រះអង្គ, ហើយ មានវិញ្ញាណ ប្រកបដោយឫទ្ធានុភាព ដូច លោកអេលីយ៉ា បានទទួល ដើម្បីបង្វែរចិត្ត ឪពុកទៅរកកូន, ព្រមទាំងបំបែរចិត្ត មនុស្សរឹងទទឹង អោយត្រឡប់មក ជាមនុស្សសុចរិត, និងរៀបចំ ប្រជារាស្ត្រមួយជាស្រេច ទុកសំរាប់ទទួល ព្រះអម្ចាស់។»
លោកសាការី សួរទៅទេវតាថា៖ «តើធ្វើម្ដេច អោយខ្ញុំដឹងថា, ការនោះ ពិតជាកើតឡើងមែន, ព្រោះរូបខ្ញុំនេះ ចាស់ហើយ។ រីឯ ប្រពន្ធខ្ញុំសោត ក៏មានអាយុច្រើនទៀតផង។»
ទេវតា តបវិញថា៖ «ខ្ញុំ ឈ្មោះ កាព្រីយ៉ែល, ជាអ្នកបំរើព្រះជាម្ចាស់។ ព្រះអង្គ បានចាត់ខ្ញុំ អោយនាំដំណឹងល្អនេះ មកប្រាប់លោក។ ប៉ុន្តែ ដោយលោក ពុំព្រមជឿពាក្យខ្ញុំ, លោក នឹងទៅជាមនុស្សគ និយាយពុំកើត, រហូតដល់ថ្ងៃ ដែលហេតុការណ៍ទាំងនោះ បានសំរេច តាមពេលកំណត់។»
ក្នុងពេលជាមួយគ្នានោះ ប្រជាជនទន្ទឹងរង់ចាំ លោកសាការី, ហើយ ងឿងឆ្ងល់ណាស់, ព្រោះលោក ចូលទៅក្នុងទីសក្ការៈ យូរដូច្នេះ។ កាលលោក ចេញមកវិញ, លោក ពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះ យល់ថា, ប្រាកដជាលោក បានឃើញ ការអស្ចារ្យអ្វីមួយ នៅក្នុងទីសក្ការៈជាមិនខាន។ លោកសាការី ធ្វើតែកាយវិការ អោយគេយល់, ព្រោះលោក នៅ គ និយាយមិនកើត។
លុះលោកសាការី បានបំពេញការងារ តាមវេនចប់សព្វគ្រប់ហើយ, លោក ក៏វិលត្រឡប់ទៅផ្ទះវិញ។ ក្រោយមក នាងអេលីសាបិត, ជាភរិយារបស់លោក, ក៏ចាប់មានផ្ទៃពោះ។ នាង លាក់ខ្លួនអស់រយៈពេល ប្រាំខែ។ នាង នឹកគិតថា៖ «ឥឡូវនេះ ព្រះអម្ចាស់ បានប្រោសប្រណី ដល់រូបខ្ញុំ។ ព្រះអង្គ សព្វព្រះហឫទ័យ អោយខ្ញុំ លែងខ្មាស មនុស្សលោកទៀតហើយ។»
ទេវតា ជូនដំណឹង អំពី កំណើត ព្រះយេស៊ូ
ប្រាំមួយខែ ក្រោយមក, ព្រះជាម្ចាស់ បានចាត់ ទេវតា កាព្រីយ៉ែល អោយទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ដើម្បីជួបនឹង ស្ត្រីក្រមុំព្រហ្មចារីម្នាក់, ជាគូដណ្ដឹង របស់ កំលោះម្នាក់ ឈ្មោះយ៉ូសែប ដែលត្រូវជា ញាតិវង្ស ព្រះបាទដាវីឌ។ ស្ត្រីក្រមុំនោះ ឈ្មោះ ម៉ារី។ ទេវតា ចូលទៅក្នុងផ្ទះនាងម៉ារី, ហើយ ពោលទៅកាន់នាង ថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់ គាប់ព្រះហឫទ័យ នឹងនាងហើយ! ព្រះអង្គ គង់ជាមួយនាង។»
ពេលឮពាក្យនេះ នាងម៉ារី រន្ធត់យ៉ាងខ្លាំង។ នាង រិះគិតក្នុងចិត្ត ថា, តើពាក្យជំរាបសួរនេះ មានន័យដូចម្ដេច? ទេវតា ពោលទៅកាន់នាង ថា៖ «កុំខ្លាចអី, ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់ គាប់ព្រះហឫទ័យ នឹងនាងហើយ។ នាង នឹងមានគភ៌ សំរាលបានបុត្រមួយ ដែលនាងត្រូវថ្វាយ ព្រះនាមថា “យេស៊ូ”។ បុត្រនោះ នឹងមានឋានៈ ដ៏ប្រសើរឧត្ដម, ហើយ គេ នឹងថ្វាយព្រះនាមថា “ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់ នឹងតាំងបុត្រនោះ អោយគ្រងរាជ្យលើបល្ល័ង្ក របស់ ព្រះបាទដាវីឌ ជាព្រះអយ្យកោ របស់ព្រះអង្គ។ ទ្រង់ នឹងគ្រងរាជ្យ លើប្រជារាស្ត្រ អ៊ីស្រាអែល អស់កល្បជានិច្ច, ហើយ រាជ្យរបស់ព្រះអង្គ នឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ។»
នាងម៉ារី សួរទៅទេវតា ថា៖ «តើធ្វើដូចម្ដេច នឹងអោយការនេះ កើតឡើងបាន, បើនាងខ្ញុំ មិនរួមរស់ ជាមួយបុរសណា ផងដូច្នេះ?»
ទេវតា ឆ្លើយទៅនាងវិញ ថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ នឹងយាងមកសណ្ឋិតលើនាង, គឺ ឫទ្ធានុភាព របស់ ព្រះដ៏ខ្ពង់ខ្ពស់បំផុត នឹងគ្របបាំងនាង។ ហេតុនេះ, គេ នឹងថ្វាយព្រះនាម ដល់បុត្រដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះ ថា “ព្រះបុត្រា របស់ ព្រះជាម្ចាស់។” ម្យ៉ាងទៀត នាងអេលីសាបិត, ជាញាតិរបស់នាង, មានផ្ទៃពោះ ប្រាំមួយខែហើយ, ថ្វីដ្បិត តែគាត់មានវ័យចាស់, ថែមទាំង ជាស្ត្រីអារទៀតផងក៏ដោយ, ព្រោះ គ្មានការអ្វី ដែលព្រះជាម្ចាស់ ធ្វើមិនកើតនោះឡើយ។»
នាងម៉ារី ពោលទៅទេវតាថា៖ «នាងខ្ញុំ ជាអ្នកបំរើ របស់ ព្រះអម្ចាស់។ សូមអោយបានសំរេច តាមពាក្យ របស់លោកចុះ។» បន្ទាប់មក ទេវតា ចាកចេញពីនាងទៅ។
នាងម៉ារី ទៅសួរសុខទុក្ខ នាងអេលីសាបិត
នៅគ្រានោះ, នាងម៉ារី ប្រញាប់ប្រញាល់ ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។ នាង បានចូលទៅក្នុងផ្ទះ លោកសាការី, ហើយ ជំរាបសួរ នាងអេលីសាបិត។ ពេលនាងអេលីសាបិត ឮនាងម៉ារី ជំរាបសួរ, ទារកនៅក្នុងផ្ទៃនាង បំរះឡើង, ហើយ គាត់ ក៏បានពោរពេញ ដោយព្រះវិញ្ញាណដ៏វិសុទ្ធ, រួច បន្លឺសំឡេងឡើង ថា៖ «ព្រះជាម្ចាស់ បានប្រទានពរ ដល់នាងលើសស្ត្រីនានា, ហើយព្រះអង្គ ក៏ប្រទានពរ ដល់បុត្រនាងដែរ។ តើ រូបខ្ញុំនេះ មានឋានៈអ្វី បានជាមាតាព្រះអម្ចាស់ របស់ខ្ញុំ មកសួរសុខទុក្ខខ្ញុំដូច្នេះ? កាលខ្ញុំ បានឮពាក្យជំរាបសួរ របស់នាង, ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំ បំរះឡើងដោយអំណរសប្បាយ។ នាង ពិតជាមាន សុភមង្គលមែន, ព្រោះនាង បានជឿព្រះបន្ទូល ដែលព្រះអម្ចាស់ ប្រាប់នាង មុខជាបានសំរេច មិនខាន។»
ទំនុកតម្កើង របស់ នាងម៉ារី
ពេលនោះ នាងម៉ារី ថ្លែងឡើងថា៖
«ព្រលឹងខ្ញុំ សូមលើកតម្កើង ព្រះអម្ចាស់។ ខ្ញុំ មានចិត្តអំណរ យ៉ាងខ្លាំង ព្រោះ ព្រះជាម្ចាស់ ជាព្រះសង្គ្រោះ របស់ខ្ញុំ, ព្រះអង្គ ទតមើលមកខ្ញុំ ដែលជាអ្នកបំរើ ដ៏ទន់ទាប របស់ ព្រះអង្គ។ អំណើះតទៅ មនុស្សគ្រប់ជំនាន់ នឹងពោលថា, ខ្ញុំ ជាអ្នក មានសុភមង្គលពិតមែន។ ព្រះ ដ៏មានឫទ្ធានុភាព បានសំដែង ការប្រសើរអស្ចារ្យ ចំពោះរូបខ្ញុំ។ ព្រះនាម របស់ ព្រះអង្គ ពិតជាវិសុទ្ធមែន! ទ្រង់ មានព្រះហឫទ័យ មេត្តាករុណា ដល់អស់អ្នក ដែលកោតខ្លាច ព្រះអង្គ នៅគ្រប់ជំនាន់ តរៀងទៅ។ ទ្រង់ បានសំដែង ឫទ្ធិបារមី កំចាត់មនុស្ស ដែលមានចិត្តឆ្មើងឆ្មៃ។ ទ្រង់ បានទម្លាក់ អ្នកកាន់អំណាច ចុះពីតំណែង, ហើយ ទ្រង់ លើកតម្កើង មនុស្សទន់ទាបឡើង។ ទ្រង់ បានប្រទានសម្បត្តិ យ៉ាងបរិបូណ៌ ដល់អស់អ្នក ដែលស្រេកឃ្លាន, ហើយ បណ្ដេញពួកអ្នកមាន អោយត្រឡប់ទៅវិញ ដោយដៃទទេ។ ព្រះអង្គ បានជួយប្រជារាស្ត្រ អ៊ីស្រាអែល ជាអ្នកបំរើ របស់ ព្រះអង្គ, ហើយ តែងតែសំដែង ព្រះហឫទ័យ មេត្តាករុណា ដល់លោកអប្រាហាំ និងពូជពង្ស របស់ លោក ជានិច្ចតរៀងទៅ, ដូចទ្រង់ បានសន្យា ជាមួយបុព្វបុរស របស់យើង, ឥតភ្លេចសោះឡើយ។»
នាងម៉ារី បានស្នាក់នៅជាមួយ នាងអេលីសាបិត អស់រយៈពេលប្រមាណបីខែ, ទើបនាង ត្រឡប់ទៅផ្ទះវិញ។
កំណើតលោកយ៉ូហានបាទីស្ដ
លុះនាងអេលីសាបិត គ្រប់ខែហើយ, គាត់ សំរាលបានកូនប្រុសមួយ។ អ្នកជិតខាង និងញាតិសន្ដាន នាំគ្នាអបអរសាទរ ជាមួយគាត់, ព្រោះគេ បានឮ ដំណឹងថា, ព្រះអម្ចាស់ សំដែងព្រះហឫទ័យ មេត្តាករុណា ចំពោះគាត់ យ៉ាងច្រើនអនេក។
ប្រាំបីថ្ងៃក្រោយមក, គេ ធ្វើពិធីកាត់ស្បែក អោយទារកនោះ, ហើយ ចង់ដាក់ឈ្មោះថា, “សាការី” ដូចឪពុកដែរ, តែម្ដាយប្រាប់ថា, «ទេ! ត្រូវដាក់ឈ្មោះថា, “យ៉ូហាន” វិញ។»
ទំនុកតម្កើង របស់ លោកសាការី
ពេលនោះ លោកសាការី ជាឪពុក របស់ទារក បានពោរពេញ ដោយព្រះវិញ្ញាណដ៏វិសុទ្ធ, ហើយ ថ្លែងពាក្យ ក្នុងព្រះនាមព្រះអង្គថា៖
«សូមលើកតម្កើង ព្រះអម្ចាស់ ជាព្រះ នៃជនជាតិ អ៊ីស្រាអែល, ដ្បិតទ្រង់ សព្វព្រះហឫទ័យ យាងមក រំដោះ ប្រជារាស្ត្រ របស់ព្រះអង្គ។ ទ្រង់ បានប្រទាន ព្រះសង្គ្រោះ ដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោម ព្រះញាតិវង្ស របស់ ព្រះបាទដាវីឌ, ជាអ្នកបំរើព្រះអង្គ, មកអោយយើង។ ព្រះជាម្ចាស់ ប្រទាន ព្រះសង្គ្រោះនេះ មកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈ ព្យាការី របស់ ព្រះអង្គ នៅជំនាន់ដើម, គឺ ព្រះអង្គសង្គ្រោះយើង អោយរួច ពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវ និង រួចពីអំណាច របស់អស់អ្នក ដែលស្អប់យើង។ ព្រះអង្គ សំដែងព្រះហឫទ័យ មេត្តាករុណា ដល់បុព្វបុរស របស់យើង, ហើយ គោរព តាមសម្ពន្ធមេត្រី ដ៏វិសុទ្ធ យ៉ាងស្មោះស្ម័គ្រ, គឺ ព្រះអង្គ បានសន្យា យ៉ាងម៉ឺងម៉ាត់ ដល់លោកអប្រាហាំ ជាបុព្វបុរស របស់យើង ថា, ទ្រង់នឹងរំដោះយើង អោយរួច ពីកណ្ដាប់ដៃ របស់ ខ្មាំងសត្រូវ ដើម្បីយើង អាចគោរពបំរើ ព្រះអង្គបាន ដោយឥតភ័យខ្លាច, ព្រមទាំងអោយយើង រស់នៅ បានបរិសុទ្ធ និងសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ ចំណែកឯកូនវិញ, កូននឹងទៅជាព្យាការី របស់ ព្រះដ៏ខ្ពង់ខ្ពស់បំផុត, ព្រោះកូន នឹងដើរមុខ ព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវ ថ្វាយព្រះអង្គ។ កូន នឹងធ្វើអោយប្រជារាស្ត្រ របស់ ព្រះអង្គ ដឹងថា ព្រះអង្គ សង្គ្រោះគេ ដោយលើកលែងទោស អោយគេរួច ពីបាប។ ព្រះ របស់យើង មានព្រះហឫទ័យ មេត្តាករុណា ដ៏លើសលប់។ ព្រះអង្គ ប្រទានថ្ងៃរះ ពីស្ថានលើមក ដើម្បីរំដោះយើង និងដើម្បីបំភ្លឺអស់អ្នក ដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាច នៃសេចក្ដីស្លាប់, ព្រមទាំងតម្រង់ផ្លូវយើង ឆ្ពោះទៅរក សេចក្ដីសុខសាន្ត។»
កុមារ យ៉ូហាន មានវ័យចំរើនឡើង ជាលំដាប់, ទាំងខាងរូបកាយ, ទាំងខាងវិញ្ញាណ។ គាត់ រស់នៅតែក្នុងវាលរហោស្ថាន, រហូតដល់ថ្ងៃ ដែលគាត់បង្ហាញខ្លួន អោយប្រជារា ស្ត្រអ៊ីស្រាអែល ឃើញ។ Luke
16 17 18 19 20 21 22 23 24
|